កាលណាមានស្រ្តីកាន់តែច្រើនចូលរួម តើគេអាចជួយដូចម្តេចខ្លះដើម្បីជំរុញការផ្លាស់ប្តូរទៅរកឧស្សាហកម្មបៃតង?

កាលណាមានស្រ្តីកាន់តែច្រើនចូលរួម តើគេអាចជួយដូចម្តេចខ្លះដើម្បីជំរុញការផ្លាស់ប្តូរទៅរកឧស្សាហកម្មបៃតង?

វីយែន ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ឧស្សាហកម្មផលិតកម្ម កន្លងមក បាន​រួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែការធ្វើអាជីវកម្មលើធនធានធម្មជាតិខ្លាំងពេកដើម្បីបម្រើការផលិតរបស់ឧស្សាហកម្ម បានបណ្តាលឱ្យវិសមភាពនិងភាពងាយរងគ្រោះដែលមានស្រាប់នៅក្នុងសង្គម កាន់តែមានសភាពធ្ងន់ធ្ងរជាងមុន។ ប្រសិនបើ​មាន​ការ​គ្រោងទុកដោយប្រុងប្រយ័ត្ន ការផ្លាស់ប្តូរឆ្ពោះទៅរកឧស្សាហកម្មបៃតង អាចលើកស្ទួយអនាគតមួយដែលគាំទ្រចីរភាពបរិស្ថាននិងសមភាពយេនឌ័រ តាមរយៈការកាត់បន្ថយការពឹងផ្អែករបស់កំណើនសេដ្ឋកិច្ចទៅលើការប្រើប្រាស់ធនធាន និងសម្រួលការផ្លាស់ប្រែទ្រងទ្រង់សង្គមនយោបាយជាលក្ខណៈប្រព័ន្ធ ដែលចាំបាច់សម្រាប់ដោះស្រាយវិសមភាពសង្គម។ នៅក្នុងដំណើរការនេះ ការបង្រួញគម្លាតយេនឌ័រនៅក្នុងវិស័យការងារ គឺជាគន្លឹះក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ មានតឹកតាងច្រើន​បានបង្ហាញរួចមកហើយថា ការបង្កើនភាពអង់អាច​ផ្នែកសេដ្ឋកិច្ចដល់​ស្ត្រី ធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានផលិតភាពនិងពិពិធភាព។ សន្ទស្សន៍ស្ត្រីក្នុងការងារឆ្នាំ ២០២១ ប៉ាន់ស្មានថា បណ្តាប្រទេសសមាជិកនៃអង្គការដើម្បីកិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​និងការ​អភិវឌ្ឍ (OECD) អាចពង្រីក​ ផលិតផលក្នុងស្រុកសរុបរបស់ខ្លួនក្នុងទំហំទឹកប្រាក់ ៦ទ្រីលានដុល្លារអាមេរិកថែមទៀត ប្រសិនបើពួកគេអាចបង្កើនការងាររបស់ស្ត្រីឱ្យដល់អត្រាមួយស្មើនិងអត្រាការងាររបស់ស្រ្តីក្នុង​ប្រទេសស៊ុយអែត។ ម៉្យាងវិញទៀត គម្លាតយេនឌ័រនៅក្នុងភាពជាសហគ្រិន បណ្តាលឱ្យបាត់បង់ប្រាក់ចំណូលជាមធ្យម ៦% នៅក្នុងបណ្តាប្រទេសសមាជិកអង្គការ OECD ហើយការខាតបង់នេះមានកាន់តែច្រើនគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

កន្លងទៅថ្មីៗនេះ អង្គការសហប្រជាជាតិដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) បានចេញផ្សាយរបាយការណ៍វាយតម្លៃគោលនយោបាយមួយ ដែលគ្របដណ្តប់លើប្រទេសចំនួន ៤ គឺប្រទេសកម្ពុជា, ប៉េរូ, សេណេហ្គាល់ និងអាហ្វ្រិកខាងត្បូង។ របាយការណ៍នេះ​ជាផ្នែកមួយនៃកម្មវិធីបង្កើនភាពអង់អាច​ផ្នែកសេដ្ឋកិច្ចដល់​ស្ត្រីក្នុងឧស្សាហកម្មបៃតង ដែលទទួលបានការគាំទ្រមូលនិធិពីប្រទេសអាឡឺម៉ង់។ លទ្ធផលរកឃើញតាមរយៈរបាយការណ៍នេះ អាច​ជួយអ្នកធ្វើគោលនយោបាយ និងអ្នកអនុវត្តន៍នានា ក្នុង​ការ​បង្កើតនិងអនុវត្តក្របខ័ណ្ឌគោលនយោបាយមួយដែល​បញ្ចូលយេនឌ័រទៅក្នុងគោលនយោបាយឧស្សាហកម្មបៃតង និងទាញយកប្រយោជន៍ពីសក្តានុពលដែលស្ត្រីមិនទាន់បានបញ្ចេញអស់ពេញទំហឹង ក្នុងនាមជាអ្នកដឹកនាំ, សហគ្រិន និងអ្នកជំនាញឧស្សាហកម្មនៅក្នុងសេដ្ឋកិច្ចបៃតង។

ការឆ្លុះបញ្ចាំងអំពីឧបសគ្គដល់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី

1

កម្មវិធីនេះបានឱ្យនិយមន័យនៃការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីថា ជាការផ្គុំចូលគ្នានូវសមត្ថភាពរបស់ស្ត្រីដើម្បីសម្រេច​បាន និង ទទួល​បាន​វឌ្ឍនភាពផ្នែកសេដ្ឋកិច្ចនិងអំណាច ក្នុងការធ្វើសេចក្តីសម្រេច​ផ្នែកសេដ្ឋកិច្ច​និងធ្វើសកម្មភាពតាមសេចក្តីសម្រេចនោះ។ ដើម្បីសម្រេចបាន និង​មានវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច  ស្ត្រីចាំបាច់ត្រូវមានជំនាញនិងធនធានសម្រាប់​ប្រកួតប្រជែងនៅក្នុងទីផ្សារ ក៏ដូចជាក្នុង​ការមានលទ្ធភាព​ស្មើភាពគ្នាក្នុង​ការ​ទទួល​បាន​សេវា​ពីស្ថាប័នសេដ្ឋកិច្ចនានា។ ដើម្បីឱ្យមានអំណាចនិងសម្បទាសម្រាប់​ទទួលអត្ថប្រយោជន៍ពីសកម្មភាពសេដ្ឋកិច្ច ស្ត្រីត្រូវមានសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេច​និងធ្វើចំណាត់ការ​លើការសម្រេចនោះ ព្រម​ទាំង​លទ្ធភាព​ គ្រប់គ្រងធនធាននិងប្រាក់ចំណេញ ផងដែរ។

ផ្អែកលើការស្រាវជ្រាវដែលធ្វើឡើងនៅដើមឆ្នាំ ២០២០  របាយការណ៍របស់អង្គការ UNIDO បានរកឃើញថា គោលនយោបាយឧស្សាហកម្មបៃតងច្រើនតែមិនបានរំលេចវិធានការសមភាពយេនឌ័រជាក់លាក់នៅក្នុងនោះទេ។ ទោះបីគោលនយោបាយជាច្រើនមានផែនការអនុវត្តល្អក៏ដោយ ក៏នៅមានទិដ្ឋភាពច្រើនទៀតដែលត្រូវយកចិត្តទុកដាក់លើ​ដើម្បីធ្វើ​ឱ្យវាឆ្លើយតបយេនឌ័របានកាន់តែសកម្មថែមទៀត។

ទិន្នន័យបែបគុណភាពនិងបរិមាណបានបង្ហាញថា នៅក្នុងប្រទេសទាំងបួន ភ័ស្តុតាងពាក់ព័ន្ធការ​បង្កើន​ភាពអង់​អាច​ផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី និងការចូលរួមរបស់ស្ត្រីនៅក្នុងឧស្សាហកម្មបៃតង មានតិចតួចណាស់។ សហគ្រិនស្ត្រីដែលត្រូវបានសម្ភាសនៅក្នុងប្រទេសនីមួយៗ បានលើកឡើងពីឧបសគ្គស្រដៀងគ្នាក្នុងការចាប់ផ្តើមអាជីវកម្មបៃតង ក្នុងនោះមាន កង្វះលទ្ធភាពទទួលបានមូលនិធិនិងសេវាកម្មហិរញ្ញវត្ថុ, កង្វះលទ្ធភាពទទួលបានបច្ចេកវិទ្យា, ការ​គ្មានព័ត៌មាននិងធនធានគ្រប់​គ្រាន់​អំពីរបៀបចាប់ផ្តើមអាជីវកម្ម និងកង្វះការលើកទឹកចិត្តសម្រាប់អាជីវកម្មដែលកំពុងដំណើរការនៅក្នុងឧស្សាហកម្មបៃតង។

យ៉ាងណាក៏ដោយ ការស្រាវជ្រាវបានរកឃើញថាស្ត្រីមានចំណាប់អារម្មណ៍ខ្លាំងចំពោះឱកាសធ្វើ​ជាសហគ្រិននៅក្នុងឧស្សាហកម្មបៃតង ជាងឧស្សាហកម្មបែបប្រពៃណី ដោយសារតែការយល់ឃើញមុតមាំថាមានឱកាសកាន់តែច្រើនសម្រាប់ស្ត្រីដើម្បីស្វែងរកវឌ្ឍនភាពសម្រាប់ខ្លួន នៅក្នុងឧស្សាហកម្មបៃតង។

របាយការណ៍ផ្តល់នូវអនុសាសន៍សំខាន់ៗជាច្រើនសម្រាប់អ្នកពាក់ព័ន្ធ រួមមាន ការលើកកម្ពស់ការយល់ដឹងអំពីឱកាសសម្រាប់ស្ត្រីក្នុងឧស្សាហកម្មបៃតង; ការបង្កើនលទ្ធ​ភាព​ទទួលបានការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស (TVET), ការវិនិយោគលើគំនិតផ្តួចផ្តើមបណ្តុះបណ្តាលនិងកសាងសមត្ថភាពសម្រាប់ស្ត្រី ដែលជាអ្នកជំនាញក្នុងឧស្សាហកម្មបៃតង និងការលើកកម្ពស់សហគ្រិនស្ត្រីដែលមានជោគជ័យក្នុងឧស្សាហកម្មបៃតងធ្វើជា   គំរូ។

ផ្អែកលើការស្ទង់មតិលើសហគ្រិនស្ត្រីជាង ១០០ នាក់នៅក្នុងឧស្សាហកម្មបៃតង និងឧស្សាហកម្មបែបប្រពៃណី នៅក្នុងប្រទេសចំនួន ៤ ខាងក្រោមនេះជាយុទ្ធសាស្ត្រសំខាន់បំផុតទាំង ៥ ដែលប្រទេសនីមួយៗគួរផ្តល់អាទិភាពលើ។

2

អង្គការ UNIDO យល់ឃើញថា ការរួមបញ្ចូលយេនឌ័រនៅក្នុងកម្មវិធីនិងគោលនយោបាយនានា នឹងជួយប្រទេសទាំងបួនឱ្យឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់ខ្លួនបាន។ លើសពីនេះទៀត នៅក្នុងបរិបទនៃវិបត្ដិកូវីដ១៩នាពេលបច្ចុប្បន្ននេះ ការបញ្ជ្រាបយេនឌ័រត្រូវតែជាអាទិភាពនៅក្នុង​គ្រប់វិស័យមិនត្រឹមតែដើម្បីជួយដល់​សហគ្រិនស្ត្រីក្នុង​ចាប់ផ្តើមអាជីវកម្មបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្នុង​បង្កើតធនធានមនុស្សចាំបាច់សម្រាប់ការស្តារសេដ្ឋកិច្ចឱ្យមាន​ប្រសិទ្ធភាព ផងដែរ។

របាយការណ៍វាយតម្លៃទាំងនេះ និង សេចក្តីសង្ខេបសម្រាប់​ប្រទេសនីមួយៗ - កម្ពុជា, ប៉េរូ, សេណេហ្កាល់ និង អាហ្វ្រ៊ិកខាងត្បូង - មាន​ជា​ភាសាអង់គ្លេស, បារាំង, អេស្បាញ និង​ខ្មែរ ហើយ​អាច​ដោនឡូតយកបានតាមលីងនៅខាងក្រោម។

ប្រទេសកម្ពុជា៖ របាយការណ៍ជាភាសាអង់គ្លេស របាយការណ៍ជាភាសាខ្មែរ របាយការណ៍សង្ខេបជាភាសាអង់គ្លេសរបាយការណ៍សង្ខេបជាភាសាខ្មែរ,

ប្រទេសប៉េរូ៖ ​ របាយការណ៍ជាភាសាអង់គ្លេស របាយការណ៍ជាភាសាអេស្បាញ របាយការណ៍សង្ខេបជាភាសាអង់គ្លេស របាយការណ៍សង្ខេបជាភាសាអេស្បាញ

ប្រទេសសេណេហ្កាល់៖ របាយការណ៍ជាភាសាអង់គ្លេស របាយការណ៍ជាភាសាបារាំង របាយការណ៍សង្ខេបជាភាសាអង់គ្លេស របាយការណ៍សង្ខេបជាភាសាបារាំង

ប្រទេសអាហ្រ្វ៊ិកខាងត្បូង៖របាយការណ៍ របាយការណ៍សង្ខេប

ជំហានបន្ទាប់ទៀតនៃកម្មវិធីនេះនឹងបន្តធ្វើដោយផ្អែកលើ​លទ្ធផលនៃដំណាក់កាលទីមួយ ដោយផ្តោតជាសំខាន់​លើ​ការ​រៀបចំបង្កើតគោលនយោបាយ និង​ការ​បង្កើត​ឱកាស​សម្រាប់​ការ​បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច​របស់​ស្ត្រី​នៅ​ក្នុង​ឧស្សាហកម្មបៃតង។

សម្រាប់ព័ត៌មានបន្ថែមស្តីពីកម្មវិធីការ​បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច​របស់​ស្ត្រី​នៅ​ក្នុង​ឧស្សាហកម្មបៃតង សូម​ទាក់​ទង៖

Ozunimi Iti, UNIDO

Email: O.ITI@unido.org